CIVIL RESISTANCE


My TREASON & INCITEMENT MASS TRIAL (Initial Page on Trial Matters)     TUESDAY, 14 JUNE 2022 VERDICT ANNOUNCEMENT Court Statement: Concluding Remarks ការការពារ ផ្លូវច្បាប់ របស់ខ្ញុំ  [ ... ]


CIVIC EDUCATION



ដំណឹងល្អ​រៀប​រៀង​ដោយ លោក​លូកា ១០


Luke 10


ព្រះយេស៊ូ​ ចាត់​សិស្ស​៧២​រូប ​ទៅ​ផ្សាយ​ដំណឹងល្អ


ក្រោយ​មក ព្រះអម្ចាស់ ​ជ្រើស​យក​សិស្ស ​ចិតសិប​ពីរ​រូប​ទៀត, ហើយ​ ចាត់​គេ​ពីរៗ​នាក់ ​អោយ​ទៅ​តាម​ភូមិ, តាម​ស្រុក​នានា ដែល​ព្រះអង្គ​ បម្រុង​នឹង​យាង​ទៅ។  ព្រះអង្គ​ មាន​ព្រះបន្ទូល​ ទៅ​គេ​ថា៖ «ស្រូវ​ដែល​ត្រូវ​ច្រូត​ មាន​ច្រើន​ណាស់, តែ​អ្នក​ច្រូត​ មាន​តិច​ពេក។  ហេតុ​នេះ, ចូរ​អង្វរ​ម្ចាស់​ស្រែ​ អោយ​ចាត់​អ្នក​ច្រូត ​មក​ក្នុង​ស្រែ ​របស់​លោក។  ចូរ​នាំ​គ្នា ​ទៅ​ចុះ!  ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ ទៅដូច​អោយ​កូន​ចៀម​ ទៅ​កណ្ដាល​ហ្វូង​ចចក។  កុំ​យក​ថង់​ប្រាក់, ថង់​យាម, ឬ​ស្បែក​ជើង ​ទៅ​ជា​មួយ​ឡើយ, ហើយ​ ក៏​កុំ​ជំរាប​សួរ ​អ្នក​ណា​តាម​ផ្លូវ​ដែរ។


«ពេល​អ្នក​រាល់​គ្នា ​ចូល​ទៅ​ក្នុង​ផ្ទះ​ណា​មួយ, មុន​ដំបូង ​ត្រូវ​ពោល​ថា, “សូម​ព្រះជាម្ចាស់ ​ប្រទាន​សេចក្ដី​សុខសាន្ត ដល់​មនុស្ស​ ក្នុង​ផ្ទះ​នេះ។”​  បើ​នៅ​ក្នុង​ផ្ទះ​នោះ មាន​មនុស្ស​ណា ​ចូល​ចិត្ត​សេចក្ដី​សុខសាន្ត, នោះ ​គេ​នឹង​បាន​សុខសាន្ត ដូច​ពាក្យ​អ្នក​រាល់​គ្នា​ ជា​មិន​ខាន។  បើ​គ្មាន​អ្នក​ណា ​ចូល​ចិត្ត​សេចក្ដី​សុខសាន្ត​ទេ, សេចក្ដី​សុខសាន្ត​ នឹង​វិល​ត្រឡប់​មក​អ្នក​រាល់​គ្នា​វិញ។  ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ, ហើយ ​បរិភោគ​ម្ហូប​អាហារ ​ដែល​គេ​ជូន​អ្នក​រាល់​គ្នា​ចុះ, ព្រោះ​អ្នក​ធ្វើ​ការ ​តែងតែ​ទទួល​ប្រាក់​ឈ្នួល។ មិន​ត្រូវ​ចេញ​ ពី​ផ្ទះ​មួយ ​ទៅ​នៅ​ផ្ទះ​មួយ​ទៀត​ឡើយ។

 

«បើ​អ្នក​រាល់​គ្នា​ ចូល​ទៅ​ភូមិ​ណា, ហើយ​មាន​គេ​ ទទួល​អ្នក​រាល់​គ្នា, ត្រូវ​បរិភោគ​ម្ហូប​អាហារ ​ដែល​គេ​រៀប​ជូន​ចុះ។  ត្រូវ​ប្រោស​អ្នក​ជំងឺ​ ក្នុង​ភូមិ​នោះ ​អោយ​បាន​ជា, ហើយ​ប្រាប់​អ្នក​ភូមិ​ថា, “ព្រះរាជ្យ របស់​ព្រះជាម្ចាស់ ​នៅ​ជិត​អ្នក​រាល់​គ្នា​ហើយ។”  ប៉ុន្តែ កាល​បើ​អ្នក​រាល់​គ្នា​ ចូល​ទៅ​ភូមិ​ណា​មួយ, ហើយ ​គេ​មិន​ព្រម​ទទួល​អ្នក​រាល់​គ្នា​ទេ, ត្រូវ​ចេញ​ទៅ​ ប្រកាស​តាម​ទីផ្សារ​ថា, “សូម្បី​តែ​ធូលី​ដី ​ដែល ​ជាប់​ជើង​យើង ក៏​យើង​រលាស់ ​អោយ​អ្នក​រាល់​គ្នា​វិញ​ដែរ, ប៉ុន្តែ សូម​ជ្រាប​ថា​ ព្រះរាជ្យ ​របស់​ព្រះជាម្ចាស់​ មក​ជិត​បង្កើយ​ហើយ។”  ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា, នៅ​ថ្ងៃ​ ដែល​ព្រះជាម្ចាស់ ​វិនិច្ឆ័យ​ទោស, អ្នក​ក្រុង​សូដុម ​ទទួល​ទោស​ ស្រាល​ជាង​អ្នក​ភូមិ​នោះ។

 

«អ្នក ​ក្រុង​ខូរ៉ាស៊ីន​អើយ!  អ្នក​ ត្រូវ​វេទនា​ ជា​ពុំខាន។  អ្នក​ក្រុង​បេតសៃដា​អើយ!  អ្នក​ ក៏​ត្រូវ​វេទនា​ដែរ។  ប្រសិន​បើ​អ្នក​ក្រុង​ទីរ៉ូស និង​អ្នក​ក្រុង​ស៊ីដូន ​បាន​ឃើញ​ការ​អស្ចារ្យ ដូច​អ្នក​រាល់​គ្នា​ឃើញ​ នៅ​ទី​នេះ, ម៉្លេះ​សម​អ្នក​ក្រុង​ទាំងនោះ​ នឹង​ប្រែ​ចិត្ត​គំនិត, ហើយ ​ស្លៀក​បាវ​ អង្គុយ​ក្នុង​ផេះ​​ជា​មិន​ខាន។  ហេតុ​នេះ​ហើយ បាន​ជា​នៅ​ថ្ងៃ ​ដែល​ព្រះជាម្ចាស់ ​វិនិច្ឆ័យ​ទោស​មនុស្ស​លោក, អ្នក​ក្រុង​ទីរ៉ូស និង​អ្នក​ក្រុង​ស៊ីដូន ​ទទួល​ទោស​ ស្រាល​ជាង​អ្នក​រាល់​គ្នា។  អ្នក​ក្រុង​កាពើណិម​អើយ!  កុំ​នឹក​ស្មាន​ថា អ្នក ​នឹង​បាន​ថ្កើង​ឡើង​ដល់​ស្ថានសួគ៌​ឡើយ, អ្នក​ នឹង​ធ្លាក់​ទៅ​ស្ថាន​នរក​វិញ។»

 

ព្រះយេស៊ូ ​មាន​ព្រះបន្ទូល ​ទៅ​សិស្ស​ទៀត​ថា៖ «អ្នក​ណា​ ស្ដាប់​អ្នក​រាល់​គ្នា ក៏​ដូច​ជា​ស្ដាប់​ខ្ញុំ​ដែរ។  អ្នក​ណា​ បដិសេធ​ មិន​ទទួល​អ្នក​រាល់​គ្នា ក៏​ដូច​ជា​បដិសេធ​ មិន​ទទួល​ខ្ញុំ​ដែរ, ហើយ​ អ្នក​ណា​មិន​ទទួល​ខ្ញុំ ក៏​ដូច​ជា​មិន​ទទួល​ព្រះអង្គ ដែល​ចាត់​ខ្ញុំ​អោយ​មក​នោះ​ដែរ។»

 

ពួក​សិស្ស ​វិល​ត្រឡប់​មក​វិញ

 

ពួក​សិស្សទាំង​ចិតសិបពីរ​រូប ​ត្រឡប់​មក​វិញ ទាំង​ត្រេក​អរ, ហើយ​ ទូល​ព្រះអង្គ​ថា៖ «ព្រះអម្ចាស់​អើយ, ​ដោយសារ​ព្រះនាម​ព្រះអង្គ សូម្បី​តែ​អារក្ស​ ក៏​ចុះ​ចូល​ក្រោម​អំណាច​យើង​ខ្ញុំ​ដែរ។»

 

ព្រះអង្គ​ មាន​ព្រះបន្ទូល​ ទៅ​គេ​ថា៖ «ខ្ញុំ ​ឃើញ​មារ​សាតាំង ​ធ្លាក់​ចុះ​ ពី​លើ​មេឃ​មក ដូច​ផ្លេក​បន្ទោរ។  ខ្ញុំ​បាន​អោយ​អ្នក​រាល់​គ្នា ​មាន​អំណាច ​ដើរ​ជាន់​ពស់ និង​ខ្យាដំរី, ព្រម​ទាំង​ បង្ក្រាប​ឫទ្ធិអំណាច ​គ្រប់​យ៉ាង ​របស់​មារ​សត្រូវ​ផង។  គ្មាន​អ្វី ​អាច​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា​ បាន​ឡើយ។  ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ, កុំ​ត្រេក​អរ​ នឹង​ឃើញ​វិញ្ញាណ​អាក្រក់​ ចុះ​ចូល​អ្នក​រាល់​គ្នា, គឺ​ត្រូវ​ត្រេក​អរ ដោយ​អ្នក​រាល់​គ្នា​ មាន​ឈ្មោះ​កត់​ទុក​ នៅ​ស្ថាន​បរមសុខ​វិញ។»

 

ព្រះយេស៊ូ​ មាន​ព្រះហឫទ័យ ​រីករាយ

 

ខណៈ​នោះ ព្រះវិញ្ញាណ​ បាន​ធ្វើ​អោយ​ព្រះយេស៊ូ​ មាន​ព្រះហឫទ័យ​ រីករាយ​យ៉ាង​ខ្លាំង។  ព្រះអង្គ​ មាន​ព្រះបន្ទូល​ថា៖ «បពិត្រ​ ព្រះបិតា​ ជា​អម្ចាស់ ​នៃ​ស្ថាន​បរមសុខ និង​ជា​អម្ចាស់ ​នៃ​ផែនដី, ទូលបង្គំ​ សូម​សរសើរ​តម្កើង​ព្រះអង្គ, ព្រោះ​ទ្រង់​ បាន​សំដែង​ការ​ទាំង​នេះ ​អោយ​មនុស្ស​តូចតាច​យល់, តែ​ទ្រង់​ លាក់​ មិន​អោយ​អ្នក​ប្រាជ្ញ និង​អ្នក​ចេះ​ដឹង​ យល់​ទេ។  មែន​ហើយ, ព្រះអង្គ​ សព្វ​ព្រះហឫទ័យ​សំរេច​ដូច្នេះ។  ព្រះបិតា​ របស់​ខ្ញុំ​ បាន​ប្រគល់​អ្វីៗ​ទាំង​អស់ ​មក​ខ្ញុំ។  គ្មាន​នរណា​ ស្គាល់​ព្រះបុត្រា​ ក្រៅ​ពី​ព្រះបិតា, ហើយ ​ក៏​គ្មាន​នរណា​ ស្គាល់​ព្រះបិតា​ ក្រៅ​ពី​ព្រះបុត្រា និង​អ្នក​ដែល​ព្រះបុត្រា​ សព្វ​ព្រះហឫទ័យ​ សំដែង​អោយ​ស្គាល់​នោះ​ដែរ។»

 

បន្ទាប់មក ព្រះយេស៊ូ ​បែរ​ទៅ​រក​សិស្ស, ហើយ​ មាន​ព្រះបន្ទូល ​ដាច់​ឡែក ​ពី​គេ​ថា៖ «អ្នក​រាល់​គ្នា​ មាន​សុភមង្គល​ហើយ, ព្រោះ​អ្នក​រាល់​គ្នា​ បាន​ឃើញ​ហេតុការណ៍​ ទាំង​អស់​នេះ។  ខ្ញុំ​សុំ​បញ្ជាក់​ ប្រាប់​អ្នក​រាល់​គ្នា​ថា, មាន​ព្យាការី និង​ស្ដេច​ជា​ច្រើន ចង់​ឃើញ​ហេតុការណ៍​ ដែល​អ្នក​រាល់​គ្នា​ឃើញ​នេះ​ដែរ តែ​មិន​បាន​ឃើញ, ហើយ ​គេ​ចង់​ឮ​សេចក្ដី ​ដែល​អ្នក​រាល់​គ្នា​ បាន​ឮ​នេះ​ដែរ តែ​មិន​បាន​ឮ​សោះ។»

 

ពាក្យ​ប្រស្នា​ អំពី ​អ្នក​ស្រុក​សាម៉ារី​ម្នាក់​ មាន​ចិត្ត​សប្បុរស

 

ពេល​នោះ មាន​បណ្ឌិត​ខាង​វិន័យ​ម្នាក់​ ក្រោក​ឈរ​ ទូល​សួរ​ព្រះយេស៊ូ, ក្នុង​គោល​បំណង​ចង់​ចាប់​កំហុស​ព្រះអង្គ​ ថា៖ «លោក​គ្រូ, តើ​ខ្ញុំ​ ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​អោយ​បាន​ទទួល ​ជីវិត​អស់កល្ប​ជានិច្ច?»

 

ព្រះយេស៊ូ​ មាន​ព្រះបន្ទូល ​ទៅ​គាត់​ថា៖ «តើ​ក្នុង​ក្រឹត្យវិន័យ​ មាន​ចែង​អ្វី​ខ្លះ?  ពេល​លោក​អាន, ​តើ​លោក​ យល់​យ៉ាង​ណា?»

 

គាត់​ ទូល​ឆ្លើយ​ទៅ​ព្រះយេស៊ូ​ ថា៖ «ត្រូវ​ស្រឡាញ់​ ព្រះអម្ចាស់ ​ជា​ព្រះ ​របស់​អ្នក ​អោយ​អស់​ពីចិត្ត គំនិត, អស់​ពី​ស្មារតី, អស់​ពី​កម្លាំង, និង​អស់​ពី​ប្រាជ្ញា, ហើយ​ ត្រូវ​ស្រឡាញ់​ បង​ប្អូន​ឯ​ទៀតៗ ​អោយ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ។»

 

ព្រះយេស៊ូ​ មាន​ព្រះបន្ទូល ​ទៅ​គាត់​ថា៖ «លោក ​ឆ្លើយ​ត្រឹម​ត្រូវ​ ល្អ​ណាស់, សុំ​ធ្វើ​ដូច្នេះ​ទៅ, នោះ​ លោក ​នឹង​មាន​ជីវិត​ អស់កល្ប​ជា​មិន​ខាន។»

 

ប៉ុន្តែ អាចារ្យ​នោះ ​ចង់​បង្ហាញ​ថា សំណួរ​របស់​គាត់​ ជា​សំណួរ​ត្រឹម​ត្រូវ, គាត់​ ក៏​សួរ​ព្រះយេស៊ូ​ទៀត​ ថា៖ «តើ​នរណា​ ជា​បង​ប្អូន ​របស់​ខ្ញុំ?»

 

ព្រះយេស៊ូ​ មាន​ព្រះបន្ទូល​ ថា៖ «មាន​បុរស​ម្នាក់ ធ្វើ​ដំណើរ​ចុះ ​ពី​ក្រុង​យេរូសាឡឹម​ ឆ្ពោះ​ទៅ​ក្រុង​យេរីខូ។  គាត់ ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ ​របស់​ពួក​ចោរ។  គេ​ប្លន់​គាត់, ថែម​ទាំង​វាយដំ​គាត់ ​អោយ​របួស​ជា​ទម្ងន់, រួច​នាំ​គ្នា ​រត់​បាត់​អស់​ទៅ, ទុក​គាត់​ចោល ​នៅ​ស្ដូកស្ដឹង, ​បាត់​ស្មារតី​ មិន​ដឹង​ខ្លួន។  ពេល​នោះ, មាន​បូជាចារ្យ​មួយ​រូប ​ធ្វើដំណើរ​ ចុះ​តាម​ផ្លូវ​នោះ។  គាត់​ ឃើញ​បុរស​នោះ ក៏​ដើរ​វាង​ហួស​ទៅ។  មាន​ម្នាក់​ពី​ក្រុម​លេវី ដើរ​មក​ដល់​កន្លែង​នោះ​ដែរ។  គាត់ ​ឃើញ​បុរស​នោះ ក៏​ដើរ​វាង​ហួស​ទៅ។  គាប់​ជួន​ ជា​មាន​អ្នក​ ស្រុក​សាម៉ារី ​ម្នាក់ ធ្វើ​ដំណើរ ​មក​តាម​ផ្លូវ​នោះ​ដែរ។  គាត់​ ឃើញ​បុរស​នោះ, គាត់​ មាន​ចិត្ត​ អាណិត​អាសូរ​ ពន់​ពេក​ណាស់។  គាត់​ ចូល​ទៅ​ជិត​អ្នក​របួស, យក​ប្រេង និង​ស្រា ​ចាក់​ពី​លើ​មុខ​របួស, រុំ​របួស​អោយ, រួច​គាត់​ លើក​អ្នក​របួស​ ដាក់​លើ​ជំនិះ​ របស់​គាត់, នាំ​ទៅ​ផ្ទះ​សំណាក់, ហើយ​ថែ​ទាំ​ អ្នក​របួស​នោះ។  ស្អែក​ឡើង​ គាត់​ យក​ប្រាក់ ​ប្រគល់​អោយ​ម្ចាស់​ផ្ទះ​សំណាក់​, ទាំង​ផ្ដាំ​ ថា, “សូម​ថែ​ទាំ​ បុរស​នេះ​ផង។  ប្រសិន​បើ​ អ្នក​ចំណាយ ​លើស​ពី​ប្រាក់​នេះ, ពេល​ខ្ញុំ​ត្រឡប់​មក​វិញ, ខ្ញុំ​ នឹង​ជូន​បង្គ្រប់។”  ក្នុង​ចំណោម​ មនុស្ស​ទាំង​បី​នាក់, តើ​លោក​យល់​ថា អ្នក​ណា​ ចាត់​ទុក​ខ្លួន ​ជា​បង​ប្អូន​ នឹង​បុរស ដែល​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ ​របស់​ពួក​ចោរ​ប្លន់​នោះ?»

 

អាចារ្យ ​ឆ្លើយ​ថា៖ «គឺ​អ្នក​ ដែល​មាន​ចិត្ត​មេត្តាករុណា​ ចំពោះ​គាត់។»

 

ព្រះយេស៊ូ ​មាន​ព្រះបន្ទូល ​ទៅ​គាត់​ថា៖ «សុំ​លោក ​អញ្ជើញ​ទៅ​ចុះ, ហើយ​ ប្រព្រឹត្ត​អោយ​បាន ​ដូច​អ្នក​នោះ​ទៅ។»

 

ព្រះយេស៊ូ ​គង់​នៅ​ផ្ទះ ​នាង​ម៉ាថា និង​នាង​ម៉ារី

 

កាល​ព្រះយេស៊ូ ​ធ្វើ​ដំណើរ​ ជា​មួយ​ពួក​សិស្ស, ព្រះអង្គ​ យាង​ចូល​ក្នុង​ភូមិ​មួយ។  មាន​ស្ត្រី​ម្នាក់ ​ឈ្មោះ​ម៉ាថា បាន​ទទួលព្រះអង្គ​ អោយ​ស្នាក់ ​ក្នុង​ផ្ទះ​នាង។  នាង​ មាន​ប្អូន​ស្រី​ម្នាក់​ ឈ្មោះ​ម៉ារី អង្គុយ​នៅ​ទៀប​ព្រះបាទា​ព្រះអម្ចាស់, ស្ដាប់​ព្រះបន្ទូល ​របស់​ព្រះអង្គ។  រីឯ​ នាង​ម៉ាថា​វិញ, នាង​ មាន​កិច្ចការ​ រវល់​ជា​ច្រើន ដើម្បី​បំរើ​ព្រះអង្គ។  នាង ​ចូល​មក​ទូល ​ថា៖ «បពិត្រ​ព្រះអម្ចាស់, ប្អូន​ខ្ញុំ​ម្ចាស់​ ទុក​អោយ​ខ្ញុំ​ម្ចាស់ ​បំរើ​ព្រះអង្គ ​តែ​ម្នាក់​ឯង។  តើ​ព្រះអង្គ ​មិន​អើពើ​ ទេ​ឬ?  សូម​ទ្រង់​ ប្រាប់​អោយ​នាង​មក​ជួយ​ខ្ញុំ​ម្ចាស់​ផង។»

 

ព្រះអម្ចាស់​ មាន​ព្រះបន្ទូល ​ទៅ​នាង​ថា៖ «ម៉ាថា, ម៉ាថា​អើយ, នាង​ មាន​កង្វល់, ហើយ​រវល់​ នឹង​កិច្ចការ​ច្រើន​ណាស់។  ប៉ុន្តែ មាន​កិច្ចការ​តែ​មួយ​គត់ ​ដែល​ចាំបាច់។  ម៉ារី​ បាន​ជ្រើស​ យក​ចំណែក ​ដ៏​ល្អ​វិសេស​នោះ​ហើយ, មិន​ត្រូវ​យក​ចេញ​ ពី​នាង​ទេ។»

 

 



Luke

1 2 3 4 5 6 7 8 9 10 11 12 13 14 15

16 17 18 19 20 21 22 23 24









 

 

 

 



 

Theary's BLOG

Translator

English Afrikaans Albanian Arabic Armenian Azerbaijani Basque Belarusian Bulgarian Catalan Chinese (Simplified) Chinese (Traditional) Croatian Czech Danish Dutch Estonian Filipino Finnish French Galician Georgian German Greek Haitian Creole Hebrew Hindi Hungarian Icelandic Indonesian Irish Italian Japanese Korean Latvian Lithuanian Macedonian Malay Maltese Norwegian Persian Polish Portuguese Romanian Russian Serbian Slovak Slovenian Spanish Swahili Swedish Thai Turkish Ukrainian Urdu Vietnamese Welsh Yiddish